Monday, May 12, 2014

វិធីរក្សា​អតិថិជន​ដែល​​គាំទ្រ​​សេវាកម្ម​ ឬ​ផលិត​ផល​ ប្រៀប​ធៀប​​​នឹងមេដឹក​នាំ​គណបក្ស​នយោបាយ

ម្ចាស់​អាជីវកម្ម​​ត្រូវ​ការ​​អ្នក​គាំ​ទ្រ​​ដល់​សេវាកម្ម ឬ​ផលិត​ផល​របស់​ខ្លួន​ដើម្បី​ឲ្យ​ដំណើរ​ការ​អាជីវកម្ម ឬ​ការ​រក​ស៊ី​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​។ ប៉ុន្តែ ដើម្បី​ទទួល​បាន​ការ​គាំទ្រ ឬ​មាន​អតិថិជន​គាំទ្រ​ច្រើន​ ម្ចាស់​អាជីវកម្ម​ត្រូវ​​គិត​​លើ​​ចំណុច​​ធំ​ៗ​​មួយ​ចំនួន​​ដូច​ជា៖
  • អត្តចរិត​របស់​ម្ចាស់​អាជីវកម្ម តើ​ម្ចាស់​អាជីវកម្ម​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អតិថិជន​ដែរ​ឬ​ទេ?​
  • ផលិត​ផល​ ឬ​សេវាកម្ម​មាន​គុណភាពល្អ​ អាច​នាំ​ឲ្យ​អតិថិជន​ពេញ​ចិត្ត​ 
  • ចាត់​ទុក​អតិថិជន​​ជា​អ្នក​រក​ប្រាក់​ចំណូល​​ឲ្យ​ខ្លួន (ចាត់​ទុក​អតិថិជន​ដូច​ជា​ស្ដេច)
  • ស្មោះ​ត្រង់​​ជា​មួយ​អតិថិជន (មិន​កុហក់ មិន​បោក​ប្រាស់)
ខាង​លើ​នេះ​​ជា​ចំណុច​គោល​ៗ​​ដែល​អាជីវករ​ ឬ​អ្នក​រក​ស៊ី​គ្រប់​រូប​ត្រូវ​ដឹង។ ប្រសិន​បើ​ ធ្វើ​មិន​បាន​ដូច​​ចំណុច​គោល​ៗខាង​លើ​នេះ​ទេ នោះ​នាំ​ឲ្យ​ក្រុមហ៊ុន ឬ​ការ​រក​ស៊ី​របស់​អ្នក​​បាត់​បង់​អតិថិជន ឬ​អតិថិជន​ងាក​ទៅ​ប្រើ​ផលិត​ផល ឬ​សេវាកម្ម​​របស់​ក្រុមហ៊ុន​ផ្សេង​ដែល​មាន​ផលិតផល និង​សេវាកម្មដូច​គ្នា​នោះវិញ​​ជាមិន​ខាន។

ចុះ​មេដឹក​នាំ​គណបក្ស​នយោ​បាយ​​ខុស​អី​ពី​ម្ចាស់​អាជីវិកម្ម ឬ​អ្នក​រក​ស៊ី​ទៅ​? ក្នុង​របប​ប្រជា​ធិប​តេយ្យ​ ​មេដឹក​នាំ​គណបក្ស​ត្រូវ​ប្រកាន់​ជំហរ​ប្រកួត​ប្រជែង​ដោយ​សេរី សមភាព និង​យុត្តិធម៌។ ដូច្នេះ​ហើយ​ការ​ប្រកួត​ប្រជែង​​គ្នា​ដណ្ដើម​ប្រជាប្រិយ​ភាព​ដោយ​ស្មើ​ភាព​ ត្រូវ​ប្រកាន់​គោល​ជំហរ​មិន​ខុស​ពី​​ម្ចាស់​អាជីវកម្ម​ ឬ​អ្នក​រក​ស៊ី​ឡើយ។

នៅ​ពេល​ដែល​គណបក្ស​របស់​ខ្លួន​បាត់​បង់​ការ​គាំទ្រ ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯង​ ឬ​វាយ​តម្លៃ​ខ្លួន​ឯង​មើល​ថា តើ​គណបក្ស​របស់​ខ្លួន​ធ្វើ​អី​ខុស មាន​ចំណុច​ខ្វះ​ខាត​អ្វី​ខ្លះ និង​មាន​ចំណុច​ខ្លាំង​អ្វី​ខ្លះ? (Strength and Weakness) ហេតុ​អី​បាន​ជា​​ប្រជា​ជន​ឈប់​គាំទ្រ​គណបក្ស​ខ្លួន។ តើ​កត្តា​ខាង​ក្នុង​វា​យ៉ាង​ម៉េច មាន​ឱកាស​អ្វី​ខ្លះ​ ក្នុង​ការ​ដណ្ដើម​ប្រជា​ប្រិយ​ភាព និង​តើ​កត្តា​ខាង​ក្រៅ​វា​យ៉ាង​ម៉េច​ដែរ តើ​មាន​អ្វី​ខ្លះ​គំរាម​កំហែង​ដល់​​​ប្រជា​ប្រិយ​ភាព​ចំពោះ​គណបក្ស​របស់​ខ្លួន (Opportunity and Threat)។​

ខាង​លើ​នេះ​គ្រាន់​តែ​ជា​​​​ការ​លើក​ឡើង​តាម​ទស្សនៈ​​យល់​ឃើញ និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​​តែ​ប៉ុណ្ណោះ។

ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​មតិ​ ឬ​យោបល់​បន្ថែម​ពី​សំណាក់​លោក​អ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះទាំង​ឡាយ​ ដើម្បី​​ជា​ជំនួយ​ស្មារតី​ដល់​កូន​ខ្មែរ​​ ក្នុង​​ការ​បង្កើន​​ចំណេះ​ដឹង​បន្ថែម ដែល​នាំ​ឲ្យ​​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីក​ចម្រើន។ សូម​អរគុណ!​ ​

No comments:

Post a Comment